top of page

បើព្រះគង់ជាមួយយើង If God is with us!

  • chanvanny71
  • Jun 17
  • 1 min read

   នៅក្នុងជីវិតរបស់យើងម្នាក់ៗយើងតែងតែជួបប្រទះនូវ ទុក្ខព្រួយ ភាពខ្វល់ខ្វាយ​ ការបាក់ទឹកចិត្ត, គ្មានមនុស្សណាយល់ពីយើង ហើយយើងតែងតែមានអារម្មណ៍ថាអស់កម្លាំងហើយពេលខ្លះក៏មិនចង់ធ្វើអ្វីទាំងអស់​គឺគ្មានកំឡាំងក្នុងការធ្វើទាល់តែសោះ ហើយក៏ធ្លាប់គិតថានឹងបោះបង់ចោលគ្រប់យ៉ាង។​ប៉ុន្តែនៅពេលដែលយើងសម្លឹងមើលតែបញ្ហា ទុក្ខកង្វល់និងការជាច្រើនដែលយើងគិតថាវាធំហើយហួសកម្លាំងនោះ យើងមើលមិនឃើញពីសេចក្តីអំណរ, កម្លាំង, ការដឹកនាំ ហើយនឹងភាពរីករាយដែលយើងមាននៅក្នុងជីវិតយើងនោះទេ។ នៅពេលដែលយើងក្រោកពីដំណេកមក យើងគិតហើយមើលឃើញមុនគេគឺជាទុក្ខសោក ភាពសៅហ្មង យើងមិនដែលបានសម្លឹងមើលភាពដ៏ស្រស់បំព្រងដែលព្រះបានបង្កើតមកហើយព្រះពរដែលយើងមាននៅក្នុងជីវិតយើងនោះឡើយ។ នៅពេលដែលមនុស្សជាច្រើនមិនមានកន្លែងសម្រាកដូចជាយើង យើងមើលមិនឃើញទេ។​នៅពេលដែលមនុស្សជាច្រើន​គ្មានពេលសម្រាកគ្រប់គ្រានដូចយើង យើងមើលមិនឃើញទេ។ នៅពេលដែលមនុស្សជាច្រើនមិនអាចក្រោកពីដំណេក ឬអាចក្រោកឡើងពីគ្រែបាននោះយើងមិនដែលគិតដល់ទេ​។​ទាល់តែថ្ងៃមួយយើងប្រែក្លាយជាមនុស្សម្នាក់នោះដែលមិនមានអ្វីដែលយើងមាននោះទើបយើងដឹងថាយើងធ្លាប់មាន។​ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាដែលជាគ្រីស្ទានត្រូវចងចាំហើយថាមនុស្សក្នុងលោកីយគេមិនមាននោះគឺថា យើងមានព្រះ។ មិនមែនមានន័យថាគ្រីស្ទានមិនមានបញ្ហាអ្វីនោះឡើយ មិនមែនមានន័យថាគ្រីស្ទានមិនមានទុក្ខលំបាកក្នុងជីវិតនោះទេ ក៏មិនមែនមានន័យថាគ្រីស្ទានមិនចេះឈឺនោះដែរ​ ប៉ុន្តែនៅពេលដែលយើងមានបញ្ហាគឺយើងមិនមែនប្រឈមមុខជាមួយនឹងបញ្ហាទាំងនោះតែម្នាក់ឯងនោះឡើយ។​យើងមានព្រះមិនថាយើងស្ថិតនៅក្នុងស្ថានភាពណាមួយនោះឡើយ យើងមានព្រះវិញ្ញាណព្រះដែលគង់នៅជាមួយនឹងយើងនៅពេលដែលយើងស្តាប់តាមដំណឹងល្អ ដូចដែលព្រះគម្ពីរចែងក្នុង​ កិច្ចការ ២:៣៨ ថា “​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ “។ ហើយយើងជាមនុស្សដែលមានក្តីសង្ឃឹម ជាមនុស្សដែលមានសេចក្តីជំនឿ (ហេព្រើរ​១១:១)។ អញ្ចឹងដោយព្រោះតែយើងបានទទួលអំណោយទានមកពីព្រះដែលទ្រង់គង់នៅជាមួយនឹងយើង តើមានអ្វីខ្លះដែលអាចធ្វើឲ្យយើងឬ អូសទាញយើងចេញពីព្រះបាន?​តើទុក្ខកង្វល់របស់យើងនោះវាធំពេកដែលយើងមិនអាចបន្តឬយ៉ាងណា?​លោកសាវ័កប៉ុលបានប្រាប់យើងទាំងអស់គ្នានៅក្នុងសេចក្តីសំបុត្រផ្ញើទៅកាន់ពួកគ្រីស្ទាននៅជំនាន់គាត់នឹងយើងទាំងអស់គ្នា ក្នុងរ៉ូម ៨:៣៨-៣៩ “ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ៣៩ ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។”  ​នៅពេលដែលកូនរបស់ព្រះ ពួកអ្នកបម្រើរបស់ព្រះជាម្ចាស់ប្រឈមមុខជាមួយនឹងបញ្ហា ព្រះអង្គតែងតែមានបន្ទូលកំសាន្តចិត្តនិងដាស់តឿនដល់ពួកគាត់ទាំងអស់គ្នាថា “កុំឲ្យភ័យខ្លាចឡើយ​ គឺទ្រង់តែងគង់ជាមួយគេ។​”  យើងក៏បានឃើញពីគំរូនេះដែលព្រះបានមានព្រះបន្ទូលដល់ហោរាអេសាយពេលដែលគាត់ប្រឈមមុខនឹងបញ្ហាដែរ ដូចដែលមានចែងនៅក្នុង​អេសាយ ៤១:១០ ថា​ “កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ។” ​ ​ហើយពួកសាវ័កក៏បានបង្រៀនសេចក្តីដូចគ្នានេះជាការដាស់តឿនដល់យើងទាំងអស់គ្នាកុំឲ្យមានការភ័យខ្លាចអ្វីឡើយព្រោះយើងអាចទូលការទាំងអស់ដល់ព្រះ ហើយទ្រង់តែងតែស្តាប់យើងទាំងអស់គ្នា ដូចដែលមានចែងនៅក្នុង ភីលីព ៤:៦-៧ “ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង ៧ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ។”  ប៉ុន្តែយើងជាមនុស្ស, យើងតែងតែមានការភ័យខ្លាច ហើយសង្ស័យ នៅពេលដែលយើងសម្លឹងមើលទៅបញ្ហានោះវាធំពេកសម្រាប់យើង,ហើយយើងតែងតែសួរថា តើខ្ញុំត្រូវធ្វើយ៉ាងណា?​ចម្លើយនោះគឺ ទូលថ្វាយទាំងអស់ដល់ព្រះ! ការដែលមនុស្សមិនអាចធ្វើបាននោះព្រះទ្រង់ធ្វើបានទាំងអស់! គ្មានការអ្វីដែលព្រះទ្រង់ធ្វើមិនបាននោះឡើយ ដូចដែលទេវតាបានប្រាប់ដល់នាងម៉ារីនិងយើងទាំងអស់គ្នា​ នៅក្នុងលូកា ១:៣៧ “​ ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ។”  អ្វីដែលសំខាន់នោះថាតើយើងជឿថាព្រះទ្រង់គង់នៅជាមួយយើងដែរទេ?​ ប្រសិនបើយើងជឿថាព្រះទ្រង់គង់នៅជាមួយនឹងយើង នោះគ្មានអ្វីណាមួយ ឬអ្នកណាម្នាក់អាចយកឈ្នះលើសេចក្តីសង្រ្គោះនិងជីវិតដែលព្រះបានប្រទានមកឲ្យយើងទាំងអស់គ្នានោះឡើយ ដូចដែលលោកប៉ុលបានប្រាប់ដល់យើងក្រោមការដឹកនាំនៃព្រះវិញ្ញាណថា “​ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន” (រ៉ូម ៨:៣១)។ ​ដូច្នេះ ហើយប្រសិនយើងជឿថា ព្រះទ្រង់អាចនឹងធ្វើគ្រប់ការទាំងអស់បានដែលត្រូវនឹងព្រះទ័យទ្រង់។​ហើយបើយើងជឿថាព្រះទ្រង់កាន់ខាងយើងនោះយើងមិនត្រូវខា្លចអ្វីសោះ។ នោះយើងក៏ត្រូវតែជឿថា យើងអាចឆ្លងកាត់គ្រប់ទាំងបញ្ហាដែលមាននៅក្នុងជីវិតរបស់យើងបានដែរ​ ព្រោះកម្លាំងដែលព្រះប្រទានឲ្យនោះគឺឲ្យយើងអាចតស៊ូជាមួយនឹងបញ្ហាទាំងនោះបានដូចដែលមានចែងនៅក្នុង ភីលីព ៤:១៣​ ថា “​ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ” ។ សូមព្រះប្រទានពរ!​

 

 
 

ចុះឈ្មោះដើម្បីទទួលបានវីដេអូ ប៉ុស្តិ៍បោះពុម្ព និងអត្ថបទថ្មីៗរបស់យើង

អរគុណចំពោះការជាវប្រចាំ!

  • Facebook
  • YouTube

©2022 by Logos Answers

bottom of page