អ្វីដែលសំខាន់បំផុត What's urgent
- chanvanny71
- Aug 11
- 2 min read
អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់ងពិតប្រាកដនោះជាអ្វីដែលយើងមិនដែលបានចាប់អារម្មណ៏ មិនដែលឃើញ ហើយនឹងមិនដែលខ្វល់។ ប៉ុន្តែមនុស្សយើងភាគច្រើនតែងតែសម្លឹងមើលអ្វីដែលយើងបានឃើញតែប៉ុណ្ណោះ យើងមិនដែលខ្វល់ពីអ្វីដែលសំខាន់ពិតប្រាកដនោះឡើយ គឺជា ពេលវេលា, ព្រលឹងវិញ្ញាណ និង ព្រះបន្ទូលនៃព្រះ។ What's important in our lives not of the things that we can see and feel, but are the things that are parts in our lives that we have never realizing, never see, and never care of. But as human we only looking at the things that we can see, never care about those thing thar are really important those are Time, Soul, and the Word of God.
Study scripts in Khmer: "ការដែលចាំបាច់(សំខាន់)បំផុត
នៅក្នុងជីវិតរបស់យើងម្នាក់ៗ តើមានអ្វីដែលសំខាន់បំផុត? ភាគច្រើន ដែលកើតមានឡើង នោះគឺ ឪពុកម្តាយ, ប្រពន្ធកូន (ក្រុមគ្រួសារ), ផ្ទះសំបែង, មុខរបរ(ការងារ), ទ្រព្យសម្បត្តិ។ ឪពុកម្តាយ ក្រុមគ្រួសារ ឬបងប្អូនពិតជាសំខាន់ ប៉ុន្តែអ្នកទាំងនោះនឹងត្រូវចាកចេញ ឬយើងនឹងបែកចេញពីអ្នកទាំងនោះនៅក្នុងពេលណាមួយជាមិនខាន។ ផ្ទះសំបែង មុខរបរ ការងារ ឬទ្រព្យសម្បត្តិ យើងនឹងត្រូវ បាត់បង់ ហើយក៏អាចរកបានថ្មីវិញនៅក្នុងពេលណាមួយ។ តើអ្វីដែលបាត់ ហើយមិនអាចរកវិញបាន? តើអ្វីដែលមានតម្លៃដែលយើងមិនអាចនឹងយកទ្រព្យសម្បត្តិ ឬមានអ្វីដែលអាចប្តូរមកវិញបាន? ពេលវេលា, ព្រលឹងវិញ្ញាណ,និងព្រះបន្ទូលព្រះ! ភាគច្រើនមនុស្សតែងតែមើលរំលង ពេលវេលា ដោយគិតថា មិនអីទេ ចាំបន្តិចទៀត, ចាំមើលបន្តិចសិន, ចាំពេលក្រោយ, ឬចាំមានពេលសិន។ ប៉ុន្តែតើបងប្អូនបានដឹងដែរឬទេថា ពេលវេលា ជាអ្វីដែលមានតម្លៃបំផុត។ គ្រប់កិច្ចការសុទ្ធតែអាចធ្វើឡើងវិញបាន, ការដែរយើងដើរ ឬបើកបរម៉ូតូឡាន សុទ្ធតែអាចត្រឡប់ក្រោយ ប៉ុន្តែពេលវេលា មិនអាចត្រឡប់ក្រោយបានឡើយ។ពេលវេលាចេះតែទៅមុខ មិនថាមនុស្សណាមានទ្រព្យសម្បត្តិ មហាសាល យ៉ាងណាទេ គេនៅតែមិនអាចទិញពេលវេលាឲ្យត្រឡប់ក្រោយបានឡើយ។ ហេតុអ្វី?ដោយព្រោះតែព្រះបានបង្កើតមនុស្សឲ្យបានរស់នៅក្រោមអំណាចនេះពេលវេលា នៅក្នុង លោកុប្បត្តិ ១-២ នៅពេលដែលព្រះបង្កើតរបស់គ្រប់សារពើមកតែងតែប្រាប់យើងថា “នោះក៏មានល្ងាចមានព្រឹកឡើង” ។ តើមានមនុស្សណាដឹងថា ថ្ងៃស្អែកនឹងទៅជាយ៉ាងណាដែរទេ? ព្រះគម្ពីរ សុភាសិត ២៧:១ ចែងថា “កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។” យើងមិនមែនជាម្ចាស់ពេលវេលាយើងមិនអាចនឹងដឹង ឬគ្រប់គ្រងពេលវេលាបានឡើយ ហើយនៅក្នុងបទគម្ពីរ យ៉ាកុប ៤:១៤ ចែងថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។” ជីវិតយើងទាំងអស់គ្នាប្រៀបបានដូចជាចំហាយទឹក ដែលឃើញតែមួយភ្លែតតែប៉ុណ្ណោះ។ យើងអាចនឹងត្រូវដកចេញពីផែនដីនេះក្នុងពេលណាមួយដែលយើងមិនអាចដឹងថាពេលនោះ នឹងត្រូវកើតឡើងនៅពេលណាទេ។ ដូច្នេះតើយើងត្រូវធ្វើដូចម្តេច?បទគម្ពីរ ហេព្រើរ ៣:៧(១២), ១៣-១៥ ចែងថា “ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ ១៣ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ១៤ ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ ១៥ កំពុងដែលនៅមានសេចក្តីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»” ប្រសិនបើយើងជាអ្នកដែលងោកងុយ ឬដេកលក់ មានន័យថា ប្រសិនបើយើងមិនដែលខ្វល់ពីអ្វីដែលព្រះគម្ពីរចែង នោះ ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលតាមពួកសាវ័ក នៅក្នុង រ៉ូម ១៣:១១-១២ “ ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ ១២ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ។
ទីពីរ: ព្រលឹងវិញ្ញាណមានតម្លៃ ទោះយកផែនដីទាំងមូលក៏មិនអាចដូរបាន
ព្រលឹងវិញ្ញាណគឺជាអ្វីដែលមនុស្សភាគច្រើនមិនដែលខ្វល់ខ្វាយ ព្រោះមើលមិនឃើញ។មនុស្សភាគច្រើនខ្វល់តែចំពោះអ្វីដែលគេមើលឃើញតែប៉ុណ្ណោះ។ ប៉ុន្តែព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះព្រលឹងយើងរាល់គ្នាយ៉ាងខ្លាំងដែលទ្រង់បានចាត់ព្រះរាជបុត្រាព្រះអង្គឲ្យមកសុគតជួយយើងដើម្បីឲ្យព្រលឹងយើងបានរស់នៅ(យ៉ូហាន ៣:១៦)។ ព្រះទ្រង់សព្វព្រះទ័យឲ្យមនុស្សទាំងអស់បានធ្វើការផ្លាស់ប្រែចិត្ត ហើយទទួលបានសេចក្តីសង្រ្គោះ ដូចដែលមានចែង ក្នុង ២ ពេត្រុស ៣:៩-១០ ថា “ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ ១០ រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។” ហើយព្រះទ្រង់ក៏មានបន្ទូលដាស់តឿនយើងទាំងអស់គ្នាពីតម្លៃដ៏សំខាន់នៃព្រលឹងយើងនៅក្នុង ម៉ាថាយ ១៦:២៦ “ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ”។
ទីបី: ព្រះបន្ទូលព្រះ សំខាន់ណាស់ដែលនាំទៅរកជីវិត
មានតែព្រះបន្ទូលព្រះតែប៉ុណ្ណោះដែលអាចប្រោសឲ្យយើងបានរួចពីសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណ។មានតែសេចក្តីពិតប៉ុណ្ណោះដែលអាចដោះយើងឲ្យបានរួចពីការដែលឥតប្រយោជន៍ ដូចដែលចែងក្នុង ១ ពេត្រុស ១:១៨-១៩ថា “ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ ១៩ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។” ហើយព្រះគម្ពីរក៏ប្រាប់យើងពីព្រះបន្ទូលក្នុង យ៉ូហាន ១:១-៤ថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ២ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក ៣ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ ៤ នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក ។” ប្រសិនបើយើងកាន់តាមព្រះបន្ទូល គឺមានន័យថា ស្តាប់តាមព្រះយេស៊ូវ យើងនឹងបានជីវិត ដោយព្រោះតែព្រះអង្គជាជីវិត ដូចដែលព្រះអង្គមានបន្ទូលពីព្រះអង្គទ្រង់ នៅក្នុង យ៉ូហាន ១៤:៦ “ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ “។ ព្រះយេស៊ូវតែមួយព្រះបន្ទូលព្រះតែមួយប៉ុណ្ណោះដែលអាចនាំយកទៅឯព្រះវរបិតា ដែលជាស្ថានសួគ៌ជីវិតដ៏អស់កល្បជានិច្ចខាងព្រលឹងវិញ្ញាណ។ ព្រះយេស៊ូវបានមានបន្ទូលថា ប្រសិនបើយើងនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ នោះទ្រង់នឹងសម្រេចតាមសេចក្តីអធិស្ឋានរបស់យើងទាំងអស់គ្នា ដូចដែលមានចែងក្នុង យ៉ូហាន ១៥:៧ “បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន ។” ដោយព្រោះតែព្រះយេស៊ូវគឺជាជីវិត ជាសេចក្តីពិត ,ជាផ្លូវដែលនាំទៅស្ថានសួគ៌ ហើយទ្រង់សព្វព្រះទ័យចំពោះមនុស្សដែលស្តាប់តាមព្រះបន្ទូលព្រះអង្គនោះ ទ្រង់នឹងឆ្លើយតបចំពោះសេចក្តីអធិស្ឋាន របស់យើងនោះ បានជាពួកសាវ័កខំប្រឹងដាស់តឿនយើងទាំងអស់គ្នាក្នុង ហេព្រើរ ៣:១៣-១៤ “តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ១៤ ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ ។”
សូមព្រះប្រទានពរ!

