ព្រះយេស៊ូវមិនអាចបំបែកចេញពីក្រុមជំនុំ និងសាសនាបានទេ ឧបមាថាយើងនិយាយអំពីក្រុមជំនុំត្រឹមត្រូវ និងសាសនាត្រឹមត្រូវ។ ការលំបាកកើតមានឡើងនៅពេលដែលយើងមើលឃើញមនុស្សនៅក្នុងក្រុមជំនុំមិនល្អ កាន់តាមសាសនាដែលមិនល្អ។ ការខុសឆ្គងដែលមនុស្សបង្កើតឡើងទាំងនេះអាចជាការផ្លាស់ប្តូរមួយ។ យ៉ាងណាមិញ ការនោះមិនមានន័យថាយើងមានសិទ្ធិក្នុងការបង្កើតអង្គព្រះយេស៊ូវមួយទៀតដោយខ្លួនឯងបាននោះទេ។ ព្រះយេស៊ូវដែលទ្រង់ជាព្រះបន្ទូលរបស់ព្រះ ហើយព្រះអង្គគឺជាព្រះ ដែលបានបង្រៀនយើងឲ្យថ្វាយបង្គំជាមួយប្រជារាស្ត្ររបស់ព្រះអង្គ និងបម្រើព្រះអង្គតាមរបៀបជាក់លាក់មួយ។ ទម្រង់ផ្សេងៗទៀតទាំងអស់របស់ក្រុមជំនុំ និងសាសនានឹងធ្លាក់ចុះ។ ដូច្នេះ វាក្លាយទៅជាទំនួលខុសត្រូវរបស់យើងក្នុងការស្វែងរកដោយការឧស្សាព្យាយាមនូវអ្វីដែលព្រះយេស៊ូចង់បានពីរាស្ត្ររបស់ព្រះអង្គ និងដើម្បីប្រកបជាមួយព្រះយេស៊ូវ និងប្រជារាស្ត្ររបស់ព្រះអង្គដោយអនុវត្តជំនឿរបស់យើងតាមរបៀបត្រឹមត្រូវ។ យើងត្រូវស្វែងរកក្រុមជំនុំដ៏ពិតរបស់ព្រះគ្រីស្ទ។
មុននឹងគូសបញ្ជាក់ពីអត្ថបទព្រះគម្ពីរដែលបង្ហាញអំពីចំណុចនេះ, វាមានប្រយោជន៍ក្នុងការកំណត់និយមន័យពាក្យរបស់យើង។ ពេលដែលព្រះគម្ពីរនិយាយអំពី “ក្រុមជំនុំ” វាមិនមែនសំដៅទៅលើសំណង់អាគារនោះទេ ឬនិកាយជាក់លាក់ ឬក្រុមគ្រីស្ទបរិស័ទណាមួយដែរ។ នៅក្នុងព្រះគម្ពីរ “ក្រុមជំនុំ” ន័យត្រង់មានន័យថា “ការជួបជុំគ្នា” ឬក្នុងន័យខ្លះ “អ្នកដែលត្រូវបានត្រាស់ហៅឲ្យបម្រើ” (សូមមើលផងដែរ “តើហេតុអ្វីបានជាមានក្រុមជំនុំច្រើនម្លេះ?”)។ នៅក្នុង ១ធីម៉ូថេ ៣:១៥ ក្រុមជំនុំរបស់ព្រះយេស៊ូចង់សំដៅជាក់លាក់ថាជា “ពួកអ្នកដំណាក់របស់ព្រះ”, “ក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មគង់នៅ”, ឬជា“សសរទ្រូង និងមូលដ្ឋានគ្រឹះនៃសេចក្តីពិត”។ ការប្រើប្រាស់និយមន័យតាមព្រះគម្ពីរអាចជួយយើងបាន។ យើងមិនមែនកំពុងតែសម្លឹងមើលទៅកាន់ក្រុមដែលមនុស្សបង្កើតមួយទៀតឡើយ។ ព្រះជាម្ចាស់គ្មានផែនការបំបែកយើងដោយសារចំណូលចិត្ត និងប្រពៃណីរបស់យើងទេ។នៅពេលដែលយើងចង់ក្លាយជាផ្នែកនៃក្រុមជំនុំមួយនោះ,គឺយើងចង់ប្រែក្លាយជាគ្រីស្ទាន,ក្លាយជាផ្នែកមួយនៃគ្រួសាររបស់ព្រះដែលត្រូវបានគេស្គាល់ថាជាក្រុមជំនុំដ៏ពិតមួយ។ ព្រះជាម្ចាស់បានដាក់បញ្ចូលយើងទៅក្នុងក្រុមមនុស្សជាក់លាក់ដែលត្រូវបានកំណត់ថាជាក្រុមជំនុំរបស់ទ្រង់។
មនុស្សមួយចំនួនចូលចិត្តធ្វើបញ្ជីត្រួតពិនិត្យ ហើយមួយចំនួនទៀតមិនចូលចិត្តទេ (ជាពិសេសនៅក្នុងសាសនា)។ ប្រសិនបើអ្នកកំពុងតែស្វែងរកនូវតម្រូវការជាក់លាក់ដែលគ្រីស្ទបរិស័ទម្នាក់ត្រូវតែកាន់តាម សូមចាំសិន! យើងនឹងនិយាយពីចំនុចនេះបន្តិចទៀត។ ជាបឋម សូមបង្កើតនូវមូលដ្ឋានរួមខ្លះៗសិនដោយឲ្យនិយមន័យពាក្យថា “សាសនា”។ និយមន័យទូទៅគឺជាប្រព័ន្ធនៃជំនឿ ការថ្វាយបង្គំ និងការគោរពតាម។ តាមរយៈនិយមន័យនេះ ក្រុមសាសនានីមួយៗមានច្បាប់របស់ខ្លួនចំពោះអ្វីដែលពួកគេជឿ របៀបដែលគេថ្វាយបង្គំ និងអ្វីដែលគេកាន់តាមនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងណា នៅក្នុងសញ្ញាថ្មីមិនមានជម្រើសច្រើនសម្រាប់សាសនានៃសេចក្តីជំនឿរបស់គ្រីស្ទានទេ។ មានតែសាសនាដ៏ត្រឹមត្រូវតែមួយប៉ុណ្ណោះដែលព្រះគម្ពីរសំដៅជាទូទៅថាជា “ជំនឿ”។ ដូច្នេះ ដូចជាអ្វីដែលយើងស្វែងរកដើម្បីក្លាយទៅជាផ្នែកមួយនៃក្រុមជំនុំពិតប្រាកដ យើងចង់ធ្វើឲ្យប្រាកដថា យើងកាន់តាមជំនឿដ៏ពិតមួយ ឬប្រព័ន្ធនៃការបង្រៀនរកឃើញនៅក្នុងសញ្ញាថ្មីដែលព្រះយេស៊ូគ្រីស្ទ និងពួកសាវ័កបានបង្រៀន។ អេភេសូ ៤:៥ ចែងថា, “ព្រះអម្ចាស់[មាន]តែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។”
តាមរយៈស្តង់ដារសាសនាភាគច្រើន, សេចក្តីអធិប្បាយមានគោលការណ៍សីលធម៌ដែលមិនចេះចប់ដែលយើងត្រូវរស់នៅតាម។ ទោះជាយ៉ាងណា បន្ថែមលើសពីនោះ សេចក្តីអធិប្បាយធ្វើឲ្យមានការបែងចែកយ៉ាងប្រុងប្រយ័ត្នរវាងអ្នកដែលកាន់តាមសាសនារាក់ៗ និងអ្នកដែលដើរតាមព្រះយេស៊ូវដោយអនុវត្តតាមស្តង់ដារខ្ពស់នៃជំនឿ និងការស្តាប់បង្គាប់។ ព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ ៥:២០ ថា, “ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ”។ ពួកអាចារ្យ និងពួកផារីស៊ីគឺជាសាសនា និងជាអ្នកខ្នះខ្នែងខាងសាសនា និងសីលធម៌នៅក្នុងសម័យកាលនោះ។ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថាពួកអ្នកដែលខ្នះខ្នែងខាងសាសនាកំពុងតែអនុវត្តដោយតឹងរឹងពេកនោះទេ ហើយត្រូវហៅត្រឡប់មកវិញខ្លះៗនោះទេ។ ផ្ទុយទៅវិញ ចំណុចរបស់ទ្រង់គឺថាសាសនារបស់យើងគឺត្រូវចូលឲ្យជ្រៅជាងតម្រូវការនៃកម្រិតផ្ទៃខាងលើនេះ។ ឧទាហរណ៍ ទ្រង់មានបន្ទូលនៅក្នុងខ២១-២២, “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស” … ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។” បន្ទាប់ពីធ្វើតាមឧទាហរណ៍ស្រដៀងៗគ្នាមួយចំនួនប្រៀបធៀបទៅនឹងសាសនារាក់ៗត្រូវតែជាបំណងចិត្តក្នុងការចូលទៅកាន់តែជ្រៅឲ្យកាន់តែដូចជាព្រះ មិនមែនបោះបង់សាសនាចោលទាំងស្រុងនោះទេ។
ព្រះយេស៊ូវបានមានបន្ទូលនៅក្នុងសេចក្តីបង្រៀននៅលើភ្នំ
«អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់» (ម៉ាថាយ ៧:២១; ២៤–២៧)។
ដូច្នេះ សេចក្តីបង្រៀននៅលើភ្នំបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនអាចមានព្រះយេស៊ូវដោយមិនមានសាសនាបាននោះទេ (ប្រព័ន្ធនៃសេចក្តីជំនឿ ការថ្វាយបង្គំ និងការកាន់តាម)។
ព្រះគម្ពីរបង្ហាញយើងពីរបៀបដែលក្រុមជំនុំដំបូងអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវ។ ក្រោយពេលក្រុមជំនុំបានចាប់ផ្តើមនៅថ្ងៃបុណ្យទីហាសិបនៅក្នុង កិច្ចការ ២ ឧទាហរណ៍ គ្រីស្ទបរិស័ទបានប្រកាន់ខ្ជាប់នូវទម្រង់ជាក់លាក់នៃសាសនា។ កិច្ចការ ២:៤១-៤៧ ចែងថា
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។ សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិស្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសំគាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ក្រុមជំនុំចាប់ពីថ្ងៃទីមួយកាន់តាមសាសនាដែលរួមមាន ការធ្វើពិធីជ្រមុជទឹក ប្រកាន់ខ្ជាប់នូវការបង្រៀនរបស់ពួកសាវ័ក ការប្រកបគ្នា ការកាច់នំបុ័ង អធិស្ឋាន ថ្វាយដង្វាយនិងចែករំលែក និងសរសើរតម្កើងព្រះ។ ការកាន់តាមទាំងអស់នេះនៅតែមានក្រុមជំនុំរបស់ព្រះជាម្ចាស់ធ្វើតាមនៅទូទាំងសកលលោកសព្វថ្ងៃនេះ។ អ្នកដែលកាន់តាមតិចជាងទាំងអស់នេះខ្វះមិនដល់តាមការរំពឹងទុកពីព្រះយេស៊ូវចំពោះប្រជារាស្ត្ររបស់ទ្រង់។
ការកាន់តាមសាសនាជាមួយនឹងក្រុមជំនុំគឺមិនគ្រាន់តែប្រកាន់ខ្ជាប់តាមការបង្រៀនរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យយើងមានការប្រកបជិតស្និទ្ធជាមួយនឹងព្រះ ព្រមទាំងគ្រីស្ទបរិស័ទផ្សេងៗទៀតដែរ។ នៅក្នុង អេភេសូ ៥:១៨-២១ លោកសាវ័កប៉ូលសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងអេភេសូថា, “ត្រូវអោយបានពោរពេញដោយព្រះវិញ្ញាណ:ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចំរៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់អោយអស់ពីចិត្ត។ ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ បងប្អូនដែលកោតខ្លាចព្រះគ្រីស្ទ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។” អត្ថបទនេះប្រាប់យើងអំពីរបៀបដែលគ្រីស្ទបរិស័ទអាច “ពេញដោយព្រះវិញ្ញាណ” ឬនិយាយម្យ៉ាងទៀតថា “មានការប្រកបគ្នាជាមួយព្រះ”។ ដែលសំដៅទៅលើកការដែល ១) និយាយគ្នាទៅវិញទៅមក, ២) ដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់, ៣) ត្រូវអរព្រះគុណព្រះជាម្ចាស់ និង ៤) គោរពចុះចូលគ្នាទៅវិញទៅមក។ ខណៈពេលដែលការរៀបរាប់នេះមិនមានបញ្ចូលរាល់ទាំងការកាន់តាមពីតម្រូវការរបស់ក្រុមជំនុំដើម្បីនាំមនុស្សម្នាក់ឲ្យខិតចូលមកជិតព្រះ ការនេះបានបង្ហាញប្រាប់យើងថាសកម្មភាពសាសនាមួយចំនួននឹងអាចសម្រេចទៅបាន។ អ្នកមិនអាចមានការប្រកបគ្នាជាមួយព្រះដោយគ្មានក្រុមជំនុំ និងសាសនាបានទេ។
សរុបសេចក្តីមក មានសំណួរដែលល្អជាង “តើខ្ញុំអាចបម្រើព្រះយេស៊ូវដោយមិនចូលរួមជាមួយក្រុមជំនុំ និងកាន់តាមសាសនាបានដែរឬទេ?” សំណួរបែបនោះបញ្ជាក់ពីបែបនៃជំនឿរាក់ៗដែលអាចថាមិនអីទេ ប៉ុន្តែព្រះយេស៊ូវមិនធ្លាប់បង្រៀនពីសេចក្តីនោះឡើយ។ ជំនួសមកវិញ សំណួរដែលយើងត្រូវសួរខ្លួនឯងគឺ “ដើម្បីបម្រើព្រះយេស៊ូវដោយស្មោះស័គ្រ តើខ្ញុំត្រូវធ្វើរបៀបណាដើម្បីក្លាយជាផ្នែកនៃក្រុមជំនុំពិតមួយ ហើយចូលរួមចំណែកនៅក្នុងសេចក្តីជំនឿពិតមួយ?”ប្រសិនបើអ្នកចង់ឲ្យយើងផ្តល់ទំនាក់ទំនងជាមួយនឹងក្រុមជំនុំនៅតាមដំបន់ដែលកាន់តាមនិងបង្រៀនសេចក្តីទាំងនេះ,សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមគេហទំព័រឬតាមបណ្តាញសង្គម។ យើងខ្ញុំរីករាយនឹងបង្កើតទំនាក់ទំនងគ្នាទូទាំងសកលលោករវាងអ្នកស្វែងរកសេចក្តីពិត និងក្រុមជំនុំពិត។