top of page

តើព្រះយេស៊ូវពិតជាបុគ្គលប្រវត្តិសាស្ត្រមែនដែរឬទេ?

ភ័ស្តុតាងប្រវត្តិសាស្ត្រដែលគាំទ្រដ៏លើសលប់ទៅលើព្រះយេស៊ូវមកពីស្រុកណាសារ៉ែត ជាបុគ្គលពិតប្រាកដម្នាក់រស់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងអំឡុងសតវត្សទីមួយ។ ព្រះអង្គមិនមែនគ្រាន់តែជាតួរអង្គទេវកថានៅក្នុងរឿងនិទានតែប៉ុណ្ណោះទេ។ ព្រះអង្គគឺជាមនុស្សពិតប្រាកដម្នាក់។ យើងដឹងថាព្រះអង្គប្រសូត្រនៅកន្លែងណា និងពេលណា ព្រមទាំងស្ថានភាពដែលកើតមានឡើងជុំវិញការប្រសូត្ររបស់ព្រះអង្គ។ ព្រះអង្គមានអ្នកដើរតាម និងសាក្សីជាច្រើនក្នុងអំឡុងពេលដែលព្រះអង្គគង់នៅលើផែនដី។ ព្រះអង្គមានឥទ្ធិពលយ៉ាងពិតប្រាកដទៅលើសាសនាដែលមាននិងទៅលើចក្រភពដែលមាននៅក្នុងជំនាន់របស់ព្រះអង្គផ្ទាល់។ ការពិតទាំងអស់នេះត្រូវបានបញ្ជាក់តាមរយៈការកត់ត្រាឯករាជ្យជាច្រើននាក់ចាប់តាំងពីពេលនោះរហូតមក។ អ្វីដែលសំខាន់បំផុតនោះគឺ សេចក្តីជំនឿគ្រីស្ទានផ្ទាល់បានចោទជាសំនួរឡើងថា “តើព្រះយេស៊ូវគឺពិតជាបុគ្គលដែលមាននៅក្នុងប្រវត្តិសាស្ត្រមែនទេ?” ព្រះយេស៊ូវបានប្រកាសថាទ្រង់គឺជាព្រះនៅក្នុងសាច់ឈាម។ គ្រីស្ទបរិស័ទអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ នៅទូទាំងសកលលោកបានពឹងផ្អែកទៅលើជំនឿរបស់ពួកគេដែលថាព្រះយេស៊ូវពិតជាបុគ្គលប្រវត្តិសាស្ត្រប្រាកដមែន។

ជាការពិតណាស់មានអ្នករិះគន់ជាច្រើនដែលបានព្យាយាមអះអាងថាសេចក្តីជំនឿគ្រីស្ទានគឺក្លែងក្លាយ។ ជាពិសេសនៅក្នុងរយៈពេល ១៥០ឆ្នាំកន្លងមកនេះ, មនុស្សបានស្វែងរកវិធីសាស្ត្រដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់សេចក្តីជំនឿគ្រីស្ទានដោយខិតខំប្រឹងប្រែងប្រជែងអស់ពីសមត្ថភាពដោយលើកឡើងអំពីការមានវត្តមានជាប្រវត្តិសាស្ត្ររបស់ព្រះយេស៊ូវ។ ការខិតខំប្រឹងប្រែងទាំងអស់នេះមានភាពអយុត្តិធម៌ និងប្រែប្រួលជានិច្ច។ មូលហេតុនោះគឺបណ្តាលមកពីពួកគេច្រានចោលនូវព័ត៌មានសំខាន់ៗ ហើយពួកគេលើកឡើងតែពីស្តង់ដាខ្ពស់នៃភ័ស្តុតាងជាជាងបុគ្គលពីបុរាណផ្សេងទៀត។ ទោះជាយ៉ាងណា ទស្សនៈវិទូគ្រីស្ទបរិស័ទដូចជាលោក ហ្គារី ហាបឺម៉ាស បានបង្ហាញឲ្យឃើញថាភ័ស្តុតាងប្រវត្តិសាស្ត្រសម្រាប់ព្រះយេស៊ូវគឺមានច្រើនជាងបុគ្គលប្រវត្តិសាស្ត្រសំខាន់ផ្សេងៗទៀត មានដូចជា ស្តេចជនជាតិរ៉ូម៉ាំង សេសារ ទីប៊ើរ ឬអធិរាជក្រិក អាឡិកសាន់ដឺ ដឹក្រេត។.[1] សព្វថ្ងៃនេះសូម្បីតែអ្នកប្រាជ្ញល្បីៗដែលមិនមែនជាគ្រីស្ទបរិស័ទក៏នៅតែទទូចថាព្រះយេស៊ូវគឺជាបុគ្គលប្រវត្តិសាស្ត្រពិតប្រាកដដែរ។ ឧទាហរណ៍ ប្រវត្តិសាស្ត្រវិទូ លោក បាត អឺមែន មានប្រសាសន៍ថា “[នេះគឺ] មិនមែនជាបញ្ហាទេ… ថ្វីបើមានមតិជាច្រើនលើកឡើងក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀតដែលស្ទើតែគ្រប់អ្នកប្រាជ្ញបុរាណវិទ្យាទាំងអស់យល់ស្រប។ ព្រះយេស៊ូវគឺជាជាតិយូដាដែលត្រូវបានគេស្គាល់ថាគឺជាអ្នកអធិប្បាយ និងជាគ្រូបង្រៀន ត្រូវបានគេឆ្កាង (របៀបសម្លាប់មនុស្សរបស់ជនជាតិរ៉ូម៉ាំង) នៅទីក្រុងយេរូសាឡឹមក្នុងសម័យកាលអធិរាជរ៉ូម៉ាំង ទីប៊ើរ នៅពេលដែលលោកប៉ុនទាល ពីឡាត់ គឺជាទេសាភិបាលនៅស្រុកយូដា។”[2] ជាការពិតណាស់ ចំណុចទាំងអស់ដែលអ្នកប្រាជ្ញយល់ព្រមជាមួយគ្នានេះក៏អាចត្រូវបានផ្ទៀងផ្ទាត់តាមរយៈព្រះគម្ពីរបានផងដែរ។[3]

យើងអាចមានទំនុកចិត្តយ៉ាងខ្លាំងថាព្រះយេស៊ូវគឺជាបុគ្គលប្រវត្តិសាស្ត្រពិតប្រាកដមែនតាមរយៈជីវិត និងឥទ្ធិពលរបស់ទ្រង់ដែលបានកត់ត្រាទុកដោយអ្នកប្រវត្តិសាស្ត្រវិទូក្នុងអំឡុងពេលទ្រង់គង់នៅលើផែនដី និងភ្លាមៗបន្ទាប់ពីនោះមក។ ទាំងគ្រីស្ទបរិស័ទ និងអ្នកមិនជឿបាននលើកឡើងអំពីព្រះយេស៊ូវ និងជីវិតរបស់ទ្រង់ដូចៗគ្នា។ គ្រាន់តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មីប៉ុណ្ណោះ មានអ្នកកត់ត្រាចំនួន ៨នាក់ផ្សេងៗគ្នាដែលបានថ្លែងទីបន្ទាល់អំពីព្រះអង្គ។ នៅក្នុងសំណេរទាំងនេះ ពួកគេក៏និយាយផងដែរអំពីសាក្សីជាច្រើនដែលបានដើរ និងជជែកគ្នាជាមួយព្រះយេស៊ូវ (ឧ. លូកា ៥:១៥; ១ កូរិនថូស ១៥:៦)។ បន្ថែមក្រៅពីសាក្សីទាំងនោះ អ្នកកត់ត្រា និងទស្សនៈវិទូគ្រីស្ទបរិស័ទជាច្រើននាក់ទៀតដែលបានធ្វើកត់ត្រាប្រវត្តិសាស្រ្តអំពីព្រះអង្គភ្លាមៗ (ឧ. អ៊ីណាទុស, ចាស្ទីន ម៉ាទី, ក្លេមិន, ក្វាដ្រាទុស ជាដើម)។ មានមនុស្សជាច្រើនក្នុងចំណោមអ្នកទាំងអស់នេះមិនគ្រាន់តែជាអ្នកផ្សាយដំណឹងល្អដើម្បីលើកសរសើរអំពីសាសនាថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាអ្នកនិយាយការពារពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវបានយ៉ាងត្រឹមត្រូវប្រឆាំងនឹងពួកអ្នកដែលសង្ស័យនៅសម័យកាលរបស់ពួកគេ។ មានសូម្បីតែអ្នកប្រវត្តិសាស្ត្រដែលមិនមែនជាគ្រីស្ទបរិស័ទដែលគ្មានមិត្តភក្តិជាគ្រីស្ទបរិស័ទផងដែរ ទោះជាយ៉ាងណានៅតែបានលើកឡើងអំពីជីវិត និងឥទ្ធិពលរបស់ព្រះយេស៊ូវ (ឧ. ចូសេហ្វឹស និងតាស៊ីទុស)។ មានសាក្សីដែលចំនួនដ័ច្រើនបានបង្ហាញថាព្រះយេស៊ូវគឺជាបុគ្គលប្រវត្តិសាស្ត្រពិតប្រាកដមែន។ នៅក្នុងប្រព័ន្ធយុត្តិធម៌ផ្នែកព្រហ្មទ័ណ្ឌជាច្រើនទូទាំងសកលលោក មានតែសាក្សីបន្ទាប់បន្សំតែមួយប៉ុណ្ណោះដែលត្រូវបានទាមទារដើម្បីផ្តល់ជំនួយដើម្បីឈានទៅដល់មាត្រដ្ឋានឆ្ពោះទៅរកភាពប្រាកដប្រជាពិតប្រាកដមួយ។ ក្នុងករណីនេះ យើងមានអ្នកកត់ត្រារាប់សិបនាក់ដែលធ្វើជាសាក្សីអំពីជីវិតរបស់ទ្រង់ដែលផ្ទុយពីមនុស្សមួយចំនួនតូចដែលជំទាស់។ គំនិតដែលសមហេតុផលភាគច្រើននឹងធ្វើការសន្និដ្ឋានជាក់ស្តែងថាព្រះយេស៊ូវគឺពិតជាបុគ្គលប្រវត្តិសាស្ត្រពិតប្រាកដមែន។


អត្ថន័យនៃការបង្កើតប្រវត្តិសាស្ត្ររបស់ព្រះយេស៊ូវគឺពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើព្រះអង្គមិនមែនជាមនុស្សពិតនោះទេ នោះសាសនាគ្រីស្ទនឹងត្រូវបាត់បង់នូវការជឿទុកចិត្តថាជាសាសនាមិនខាន។ ទោះជាយ៉ាងណាដ៏ដោយ ប្រសិនបើទ្រង់បានដើរនៅលើផែនដីនេះប្រាកដមែន ហើយពិតជាមានឥទ្ធិពលវិជ្ជមានពិតប្រាកដទៅលើជីវិតមនុស្សរាប់លាននាក់នៅទូទាំងសកលលោក បន្ទាប់មកទៀតយើងត្រូវសួរថា “តើសេចក្តីបង្រៀនរបស់ព្រះអង្គពិតដែរឬទេ?” ប្រសិនបើការបង្រៀនរបស់ព្រះអង្គពិតប្រាកដមែន តើអ្នកគិតថាវាមានន័យដូចម្តេចដែរ សម្រាប់អ្នក និងជីវិតរបស់អ្នកនៅថ្ងៃនេះ?

[1]. Gary Habermas, "The Resurrection Argument That Changed a Generation of Scholars," The Veritas Forum, May 15, 2017, 29:57, https://youtu.be/nMGLPR5X8MM. [2]. Bart Ehrman, Did Jesus Exist?: The Historical Argument for Jesus of Nazareth (New York: HarperCollins, 2012), 12. [3]. Tiberius is not explicitly named in the Bible, but the dating can easily be found to coincide.


Related Posts

bottom of page